ប៉ារីស៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានបង្ហាញនូវ រថយន្តម៉ូដែលថ្មី ចុងក្រោយ ជាម៉ូដែលកំពូល បំផុតរបស់ក្រុមហ៊ុន ដែលផលិតតាមកម្មវិធី កុម្ម៉ង់របស់អតិថិជន (Bespoke) ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ Rolls-Royce ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០១៤ ឱ្យ ដឹងថា រថយន្ត Rolls-Royce ម៉ូដែល Phantom Metropolitan Collection ត្រូវបានបង្ហាញជូននៅថ្ងៃនេះ ក្នុងកម្មវិធី ពិព័រណ៍រថយន្តក្រុងប៉ារីស ។ រថយន្តម៉ូដែលនេះ គឺមានការរចនា ដោយដៃល្អឥតខ្ចោះ ស្របតាមទីក្រុង សម័យ ទំនើប ។ រថយន្តដែលច្នៃផលិត ដ៏ស្រស់ប្រណីតនេះ នឹងទទួលការកុម្ម៉ង់ត្រឹមតែ ២០ គ្រឿងប៉ុណ្ណោះ ។
រថយន្តម៉ូដែល Phantom បានបង្ហាញខ្លួនលើទីផ្សារកាលពីឆ្នាំ ២០០៣ ហើយបានទាក់ទាញចំណាប់អារម្មណ៍ ខ្លាំង ឡើងវិញមកលើរថយន្ត របស់ក្រុមហ៊ុន Phantom Metropolitan Collection ដោយបានផ្ដល់ជូនដល់ សុភាពបុរស និងសុភាពនារីដែលមានសុភវិនិច្ឆ័យ បំផុតលើលោក នូវបទពិសោធន៍ប្រើប្រាស់ រថយន្តមហាប្រណីតឥតខ្ចោះនេះ ។ ចំណុចស្នូលនៃភាពទាក់ទាញ និងភាពប្រណីត គឺផ្ទៃខាងក្នុងរបស់រថយន្ត ដែលបំពាក់ទៅដោយ សម្ភារៈល្អ ប្រណីតបំផុត ដែលត្រូវបានច្នៃរចនាដោយដៃអ្នកជំនាញ នៅឯរោងចក្ររបស់រថយន្ត Rolls-Royce នៅឯ Goodwood ក្នុងប្រទេសអង់គ្លេស ។ រថយន្តម៉ូដែលនេះ ផ្ដល់នូវផាសុខភាពដល់អ្នកធ្វើដំណើរ និងភាពងាយស្រួល សម្រាប់ អ្នកជិះធ្វើដំណើរកម្សាន្ត ស្របពេលនឹងការ គយគន់ទិដ្ឋភាពក្នុងទីក្រុង ។
អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rolls-Royce Motor Cars លោក Torsten Müller-Ötvös បាននិយាយថា “ក្រៅពី ទីក្រុងប៉ារីស ខ្ញុំដូចនឹកមិនឃើញពីកន្លែងផ្សេងទៀត ដែលសក្តិសមសម្រាប់ដាក់បង្ហាញ រថយន្តម៉ូដែលថ្មីនេះឡើយ ។ នេះជាទីក្រុងដែលសក្តិ សមនឹងម៉ាកយីហោពិសេស បំផុតរបស់រថយន្ត Rolls-Royce ដែលតែងសន្យាច្នៃចេញ នូវម៉ូ ដែលដែលទំនើប និងគ្មានកាលកំណត់ ស្របតាមស្នាដៃសិល្បៈ នៃវិចិត្រករកំពូល” ។
នៅលើទីផ្សារទូទាំងពិភពលោក រថយន្ត Rolls-Royce ម៉ូដែល Phantom សឹងតែគ្រប់គ្រឿងទាំងអស់គឺ ផលិតតាម ការច្នៃកុម្ម៉ង់ របស់អតិថិជន ខណៈដែលការបញ្ជាទិញតាម បែបច្នៃកុម្ម៉ង់សម្រាប់ម៉ូដែល Wraith គឺមានចំនួន ៩០ ភាគរយ ហើយម៉ូដែល Ghost មានចំនួ ន ៨០ ភាគរយ ។ រថយន្តបែប Bespoke គឺជារថយន្ត របស់Rolls-Royce ៕


Post a Comment