អតិថិជន នឹង​ទទួល​បាន​សេវា​បង់​រំលោះ ពីក្រុមហ៊ុន GLF ដើម្បី​ទិញ​ម៉ូតូ​ម៉ាក់ Honda នៅគីរីរម្យ

ភ្នំពេញ៖ ក្រុមហ៊ុនបង់រំលោះ GL-Finance នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងម្ចាស់ដេប៉ូទិញ-លក់ម៉ូតូម៉ាកហុងដា(Honda) ចំនួន ៣២នាក់ទៀត នៅតាមបណ្ដោយផ្លូវព្រះសីហនុ ឬតំបន់គិរីរម្យ ដើម្បីបង្កភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ទិញ ម៉ូតូម៉ាកហុងដា តាមរយៈការបង់រំលោះយកទៅ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។
ម្ចាស់ដេប៉ូលក់-ទិញម៉ូតូនៅតំបន់គិរីរម្យស្ទើតែទាំងអស់ បានសម្ដែងអារម្មណ៍ត្រេកអរជាខ្លាំង នៅពេលក្រុមហ៊ុន GL-Finance ធ្វើកិច្ចសហការជាមួយគ្នានោះ ដើម្បីបង្កើតអតិថិនជន ក៏ដូចជាធ្វើឲ្យមានភាព ងាយស្រួលក្នុងការ ទិញម៉ូតូម៉ាកហុងដា យកទៅប្រើប្រាស់ផងដែរ ។
លោក Riki Ishigami ប្រធានមន្ដ្រីប្រតិបត្តិក្រុមហ៊ុន GL-Finance ប្រចាំប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាមួយចំនួន មានបំណងចង់ទិញម៉ូតូយកទៅ ប្រើប្រាស់ធ្វើជាមធ្យោបាយឲ្យបានលឿន ប៉ុន្ដែពួកគាត់ខ្វះខាត់ជីវភាពនៅឡើយ អញ្ចឹងហើយទើបក្រុមហ៊ុន GL-Finance ធ្វើកិច្ចសហប្រតិបត្តិការទូទាំងប្រទេស ជាមួយនឹងក្រុមហ៊ុន លក់ម៉ូតូម៉ាកហុងដា ដើម្បីផ្ដល់សេវាបង់រំលោះជូនពួកគាត់ ជាក់ស្ដែងថ្ងៃនេះ ក្រុមហ៊ុនយើង បានពង្រីកកិច្ចសហការជាមួយ អនុចែកចាករបស់ Honda នៅតំបន់គិរីរម្យរហូតទៅ ៣២នាក់ទៀត ក្នុងគោលបំណងធ្វើឲ្យ អតិថិជនកាន់តែមាន ភាពងាយស្រួលបន្ថែមទៀត ។
លោកបន្ដថា តំបន់គិរីរម្យ គឺជាកន្លែងដ៏ពេញនិយម សម្រាប់ការទិញ-លក់ម៉ូតូ ដូច្នេះតាមរយៈការចាប់ដៃគ្នាផ្ដល់សេវាបង់រំលោះដល់អតិថិជននេះ លោកសង្ឃឹមថា ម្ចាស់ដេប៉ូលក់ចែកចាយនីមួយៗ នឹងអនុវត្តប្រកបដោយជោគជ័យ បំផុតក្នុងអាជីវកម្មរបស់ខ្លួន ជាពិសេសគឺអតិថិជន នឹងទទួលបានម៉ូតូថ្មីៗ យកទៅប្រើប្រាស់តាមតម្រូវការរបស់ខ្លួន ។
ប្រធានមន្ដ្រីប្រតិបត្តិក្រុមហ៊ុន ខាងលើបានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន GL-Finance បានទទួលអតិថិជនរបស់ខ្លួនចំនួន ១០,០០០នាក់ហើយ បន្ទាប់ចាប់ដៃគូធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនលក់ម៉ូតូម៉ាក Honda ទូទាំងប្រទេស ចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ននេះ ៕

Post a Comment

Previous Post Next Post