ច្បាប់​ដឹកជញ្ជូន​ឈើ សម្រាប់​វេទិកា​បុណ្យអុំទូក ហាក់បីដូច​ផ្តល់​ដាវអាជ្ញា​សឹក​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​

សៀមរាប: វេទិកា​បុណ្យអុំទូក ដែល​គ្រោង​សាងសង់​អំពី​ឈើ នាពេល​ដ៏​ខ្លី​ខាងមុខ ត្រូវបាន​គេ​មើលឃើញថា វា​ជា​ឱកាស​មួយ សម្រាប់​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ ក្រោមរូបភាព ច្បាប់​ដឹកជញ្ជូន ធ្វើ​វេទិកា​បុណ្យអុំទូក​នេះ​។ 
​មិនទាន់មាន​ការអះអាង​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ថា ច្បាប់​អនុញាត​ប៉ុន្មាន​ម៉ែត្រគូប ហើយ​ត្រូវ​ដឹកជញ្ជូន​ពីថ្ងៃ​ណា​? នឹង​បញ្ចប់​នៅ​ថ្ងៃ​ណា​ផង​? តែ​មេ​ឈ្មួញ​ជើង​ខ្លាំង ដែល​តែង​យក​ស្បែក​យោធា មក​ពាក់​ក្នុង​ការដឹកឈើ​ល្មើសច្បាប់ ឈ្មោះ អ៊ុំ វឌ្ឍនៈ (​ហៅ​ពៅ​ប្រជ្រុយ​) បាន​ដឹកជញ្ជូន​ឈើ​ក្នុង​មួយ​យប់ៗ ៣ ទៅ ៤ ឡាន មក​ចែកចាយ តាម​បណ្តា​ដេប៉ូ ក្នុង​ក្រុង និង​តាម​បណ្តា​ស្រុក​មួយចំនួន​។ 

​ជាមួយគ្នា​នោះ​ឈ្មួញ​ខាងលើ បាន​កាន់​ឯកសារ ដើរ​លាតត្រដាង តាម​ហាង​កាហ្វេ និង​តាម​ទីសាធារណៈ ដោយ​អះអាងថា ខ្លួន​ជា​អ្នកទទួលបាន​សិទ្ធិ ក្នុងការ​ដឹកឈើ មក​ធ្វើ​វេទិកា​បុណ្យអុំទូក​។ ចំណែក​ឯកសារ ដែល​កាន់​ក្នុង​ដៃ ជា​លិខិតអនុញាត​ឲ្យ​ដឹកឈើ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ខេត្តសៀមរាប​។​
​    ​
​តាម​ការពិត​បុរស​ឈ្មោះ ពៅ រូបនេះ ជា​ឈ្មួញ​ដឹកឈើ​ល្មើសច្បាប់​ដ៏​ល្បីឈ្មោះ​ម្នាក់ ប្រចាំខេត្ត​សៀមរាប​។ រាល់ពេល​ដឹកឈើ គេ​តែង​ប្រើ​ស្បែក​យោធា មកប្រើប្រាស់​។ ម្តង​ដឹក​ឲ្យ​មេនេះ ម្តង​ដឹក​ឲ្យ​មេនោះ ពេលខ្លះ​ដឹក​ដើម្បី​រកប្រាក់​ឧបត្ថម្ភ​អង្គភាព​។ មិនដឹងថា មេ​អង្គភាព បាន​ជ្រាប​អំពី​ល្បិចកល​របស់​បុគ្គល​រូបនេះ ឬ​យ៉ាងណាទេ ប្រសិនបើ​គាត់ ពិតជា​យោធា​មែន​នោះ​?​។​
​    ​
​ចំណែក​ការដែល​យកឈ្មោះ វេទិកា​បុណ្យអុំទូក មកប្រើប្រាស់​ដឹកជញ្ជូន​ឈើ ក្នុង​មួយ​យប់ ៣ ទៅ ៤ ឡាន ចូលទៅក្នុង​ដេប៉ូ នាពេលនេះ ក៏​គេ​មិនដឹងថា អភិបាលខេត្ត​សៀមរាប បាន​ជ្រាប ឬ​យ៉ាងណា​?

​តែ​ករណីនេះ ថ្នាក់ដឹកនាំ​គួរ​ពិនិត្យ និង​ពិចារណា ព្រោះថា បើ​អនុញាត​ច្បាប់​ឲ្យ​ដឹកឈើ​ធ្វើ​វេទិកា​អុំទូក ហើយ​បើកទូលាយ​ឲ្យ​ឈើ​ហូរ​ចូលក្នុង​ដេប៉ូ​មួយ​យប់ៗ ៣ ទៅ ៤ ឡាន​យ៉ាងនេះ គឺ​មិន​ខុស​អ្វីដែល​ហៅថា ផ្តល់​ដាវ​អាជ្ញាសឹក​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នោះឡើយ​។​
​    ​
​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះជួយ​ខេត្តសៀមរាប បាន​មានប្រសាសន៍​ព្រមាន​ទៅដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន ពិសេស​យោធា ឲ្យ​ដកខ្លួន​ចេញពី​បទល្មើស​ព្រៃឈើ ទាំង​ដឹកជញ្ជូន ការពារ ជូន​ផ្លូវ និង​នៅ​ពីក្រោយ​ខ្នង​។ 

​ផ្ទុយទៅវិញ​លោក អ៊ុំ វឌ្ឍនៈ ហៅ ពៅ បែរជា​ប្រព្រឹត្តិ និង​ផ្គើន​យ៉ាង​ចាស់ដៃ លើ​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទៅវិញ​។     
​    ​
​ជុំវិញ​ការដឹកជញ្ជូន​ឈើ មក​ចែកចាយ​តាម​ដេប៉ូ ក្រោមលេស​ថា ច្បាប់​ដឹក​មក​ធ្វើ​វេទិកា​បុណ្យអុំទូក អ្នកយកព័ត៌មាន​CEN ពុំ​អាច​សុំ​ការពន្យល់​ពី​លោក ប៊ុន ថា​រិ​ទ្ធិ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បានទេ ដោយ​ទូរស័ព្ទ​តេ​ចូល តែ​គ្មាន​ការឆ្លើយតប នៅ​រសៀល​ថ្ងៃទី​២៤​កញ្ញា​នេះ​។​
​    ​
​ដោយឡែក​លោក ម៉ុង ប៊ុន​លីម នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា លោក​ក៏​នៅ​មិនទាន់​បានដឹងថា បុគ្គល​ណា​ម្នាក់ ជា​អ្នកទទួលបាន​សិទ្ធិ ក្នុងការ​ដឹកឈើ​ធ្វើ​វេទិកា​បុណ្យអុំទូក​នេះដែរ​។ ចំណែក​ច្បាប់​អនុញាត​ប៉ុន្មាន​ម៉ែត្រគូប ហើយ​ចាប់​ដឹក​ពីថ្ងៃ​ណា ទៅដល់​ថ្ងៃ​ណា ក៏​លោ​កនៅ​មិនទាន់​ដឹង​ដែរ ហើយ​លោក​នឹង​ចាំ​ពិនិត្យ​ច្បាប់​នោះ​ឲ្យ​បានច្បាស់លាស់​។ 

​លោក​បន្តថា ប្រសិនបើ​ច្បាប់​កំណត់​ចំនួន​ម៉ែត្រគូប និង​កំណត់​ថ្ងៃ​ដឹក​ច្បាស់លាស់ ហើយ​បុគ្គល​នោះ ប្រព្រឹត្តិ​ល្មើស​អំពី​ច្បាប់ លោក​នឹង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ដល់​ឬ​សគល់​។ ពេលនេះ ខាង​លោក កំពុង​ចាំ​មើលថា បុគ្គល​រូបនោះ បន្ត​ដឹកឈើ​ល្មើស​ទៀត ឬ​យ៉ាងណា​?
​    ​
​យោងតាម​ការ​អះអាងថា បង្ក្រាប​ឲ្យ​ដល់​ឬ​សគល់​របស់​នាយផ្នែករ​ដ្ឋ​បាល​ព្រៃឈើ លោក ម៉ុង ប៊ុន​លីម គេ​រំពឹងថា នឹងមិន​មាន​ឈើ​សម្រាប់​ប្រើប្រាស់​ក្នុង​វេទិកា​បុណ្យអុំទូក ហូរ​ចូលទៅ​ដល់​តាម​បណ្តា​ដេប៉ូ​លក់​ឈើ ក្នុង​ក្រុង ឬ​តាម​បណ្តា​ស្រុក​ទៀតឡើយ​៕

Post a Comment

Previous Post Next Post